ទាក់ទងពាណិជ្ជកម្ម 078-866023, 098-866023
2018-02-04 16:08:08
អតីតតារាចម្រៀងផលិតកម្មហង្សមាសអ្នកនាង យក់ ថឹករដ្ឋា បានសម្ងំថតភាពយន្ដខ្នាតធំរបស់ផលិតកម្ម LD Picture កាលពីដើមខែមករា ឆ្នាំ២០១៨ ដោយបានតំណែងជាតួឯកទៀតផងខណៈដែលស្វាមីនាងលោក ឃុំ ប៉ុណ្ណាដែត ក៍បានចូលសម្ដែងក្នុងរឿងខ្មោចនោះដែរដោយដើរជាតួឯកប្រុសទៀតផង។ តាមព័ត៌មានបានឲ្យដឹងថារឿងថ្មីដែល យក់ ថឹករដ្ឋា ចូលរួមសម្ដែងនោះ គឺជារឿងខ្មោចបិសាចបែបភ័យរន្ធត់លាយឡំឈុតឆាកកំប្លែង ហើយជាការដឹកនាំសម្ដែងដោយតារាកំប្លែង CTN លោក ចែម ចាន់តារា ហៅ នាយពែកមី ព្រមទាំងមានការចូលរួមសម្ដែងពីតារាកិត្តិយសជាច្រើនផងដែរ។
តើហេតុអ្វីបានជា យក់ ថឹករដ្ឋា ងាកមកចាប់អាជីពជាតារាភាពយន្ដវិញ ឬមួយក៏មកពីអាជីពចម្រៀងនាងនៅផលិតកម្ម ថោន មិនបានជោគជ័យ?
ក្នុងជំនួបកាលពីពេលថ្មីៗនេះ តារាចម្រៀងផលិតកម្ម ថោន យក់ ថឹករដ្ឋា បានឲ្យដឹងថា ពេលនេះអាជីពចម្រៀងក៏នាងនៅតែពង្រឹង អាជីពសម្ដែងក៏ចូលរួមសម្ដែងឡើងវិញដែរ បន្ទាប់ពីមានការអាក់ខានជាច្រើនឆ្នាំមកនោះ។តារាចម្រៀងផលិតកម្ម ថោន រូបនេះថ្លែងថា "ខ្ញុំឆ្លៀតពេលជាង២សប្ដាហ៏សម្ដែងរឿងបែបភ័យរន្ធត់ជាខ្មោចនោះមែន ឥឡូវបានថតចប់ហើយ។ខ្ញុំសង្ឃឹមខ្ពស់ចំពោះរឿងថ្មីនេះ ព្រោះសុទ្ធតែតារាល្បីៗចូលរួមសម្ដែង ហើយក្នុងនោះ ខ្ញុំជាតួឯកមែន តែមិនមែនជាតួខ្មោចទេ។ ស្វាមីខ្ញុំក៏គាត់បានចូលរួមសម្ដែងដែរ។
និយាយទៅ រឿងហ្នឹងខ្ញុំសង្ឃឹមច្រើនដែរព្រោះអ្នកដឹកនាំរឿង លោក ពែកមី គាត់មានការសម្រិតសម្រាំងច្រើនខ្លាំងណាស់ អីចឹងនឹងប្លែកជាងរឿងដែលខ្ញុំធ្លាប់សម្ដែងមុនៗជាមិនខាន។ ខ្ញុំសរសើរកូនស្រីបង ពាក់មី គឺនៅក្មេង តែលេងខ្លាំងទេពកោសល្យខ្ពស់ណាស់។ រឿងហ្នឹងជារឿងខ្មោច តែខ្ញុំមិនមែនលេងតួខ្មោចទេ។ តាមដឹង រឿងនេះនឹងដាក់បញ្ចាំងក្រោយពីរឿង “មនុស្សឆ្កួត” ដែល LD កំពុងតែដាក់បញ្ចាំងពេលនេះ”។
យក់ ថឹករដ្ឋា ថា ទោះជាពេលនេះ នាងងាកមកចាប់អាជីពភាពយន្ដមែន តែអាជីពចម្រៀង គឺនាងនៅតែបន្ដដដែល ហើយពេលនេះ នាងមានក្ដីសុខជាមួយផលិតកម្ម ថោន ទោះជាមានពេលខ្លះ បទចម្រៀងចេញមានការយឺតយ៉ាវខ្លះក្ដី តែដោយសារ ថោន មានតារាចម្រៀងច្រើនអ៊ីចឹង គឺត្រូវតែមានការបែងចែកគ្នាអ៊ីចឹងហើយ៕